១. តើសេវាកម្មប៊ីល២៤មានអ្វីខ្លះ?
ប៊ីល២៤ ផ្តល់សេវាបង្កើតនិងគ្រប់គ្រងវិក្កយបត្រដើម្បីទទួលការទូទាត់បានតាមរយ:សេវាទូទាត់របស់ដៃគូហិរញ្ញវត្ថុរបស់យើងដែលរួមមាន ធនាគារ ឬស្ថាប័នហិរញ្ញវត្ថុ ដល់អាជីវកម្មគ្រប់ប្រភេទពីចាប់ពីអ្នកលក់ទំនិញកំប៉ិកកំប៉ុកដល់អ្នកលក់រាយនិងអ្នកលក់ដុំនៅកម្ពុជា។ សេវាប៊ីល២៤អាចដំណើរការជាមួយស្មាតហ្វូន កុំព្យូទ័រ និងអេភីអាយ (API)។
ជាមួយសេវាប៊ីល២៤ លោក-លោកស្រីអាច៖
- បង្កើតវិក្កយបត្រលក់, វិក្កយបត្រទិញ
- ទទួលបាននូវបង្កាន់ដៃទទួល ឬបង់ប្រាក់
- អាចពិនិត្យតាមដានមើលស្ថានភាពវិក្កយបត្រ - ទូទាត់, មិនទាន់ទូទាត់, ហួសកំនត់, ។ល។
រាល់ការទូទាត់វិក្កយបត្រគឺនឹងត្រូវបានធ្វើឡើងដោយផ្ទាល់ពីស្ថាប័នធនាគារ ឬស្ថាប័នហិរញ្ញវត្ថុទៅក្នុងគណនីផ្ទាល់របស់លោក-លោកស្រី។
២. លក្ខខណ្ឌនៃការប្រើប្រាស់សេវាកម្មប៊ីល២៤ ការទទួលខុសត្រូវ និងការយល់ព្រម
តាមរយៈការចូលប្រើប្រាស់សេវាប៊ីល២៤របស់លោក-លោកស្រីចាប់ពីលើកតំបូង លោក-លោកស្រីនឹងត្រូវទទួលយកនូវខចែង លក្ខណសម្បត្តិ លក្ខខណ្ឌផ្សេងៗ និង បានយល់ព្រមផ្តល់សិទ្ធិឱ្យប៊ីល២៤ ដើម្បីអនុញ្ញាតឱ្យមានការតភ្ជាប់ជាមួយប្រតិបត្តិការរបស់លោក-លោកស្រីជាមួយដៃគូហិរញ្ញវត្ថុរបស់យើង។ លោក-លោកស្រីត្រូវមានអាយុយ៉ាងតិច ១៨ឆ្នាំ (នីតិជន)។
ខចែង និងលក្ខខណ្ឌប្រើប្រាស់
- លោក-លោកស្រីត្រូវមានគណនីនៅធនាគារឬដៃគូហិរញ្ញវត្ថុរបស់យើងដើម្បីអាចទទួលបាននូវការទូទាត់។
- រាល់ការទូទាត់ ទំនិញក្លែងក្លាយ, មិនពិតប្រាកដ, គ្មានលិខិតអនុញ្ញាតលើកម្មសិទ្ធិបញ្ញា និងផលិតផល-សេវាប្រឆាំងនឹងបទប្បញ្ញត្តិត្រូវបានហាមឃាត់។ លោក-លោកស្រីយល់ព្រមអនុវត្តទៅតាមគោលការណ៍ច្បាប់ និងបទប្បញ្ញាតិផ្សេងៗទាក់ទងនឹងការប្រើប្រាស់សេវា ដូចជាច្បាប់ស្ដីពីការប្រឆាំងការសំអាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មជាដើម។
- លោក-លោកស្រីផ្ដល់សិទ្ធិជូនធនាគារឬដៃគូហិរញ្ញវត្ថុរបស់យើង ក្នុងការបញ្ចូល ឬកាត់សាច់ប្រាក់ដោយស្វ័យប្រវត្ដិ ទៅលើពីគណនីរបស់ខ្លួន លើករណីដូចជា៖
- បង្វែរចេញកម្រៃសេវាផ្សេងៗដែលបានកំណត់និងទទួលយលព្រមតាមកិច្ចព្រមព្រៀង។
- សាច់ប្រាក់នៃប្រតិបត្តិការលក់ឬទិញដែលត្រូវនឹងបង្វែរតាមការបង្ហាញរបស់លោក-លោកស្រីឬអ្នកទូទាត់។
- បង្វែរចូលទៅក្នុងគណនីវិញនូវថ្លៃសេវា ឬសាច់ប្រាក់ផ្សេងៗទៀតទាក់ទងនឹង ប្រតិបត្ដិការ ប្រសិនបើមានថ្លៃសេវា ឬទឹកប្រាក់ ដែលកាត់ភាន់ច្រឡំដោយធនាគារឬដៃគូហិរញ្ញវត្ថុរបស់យើង។
- បង្វែរចេញវិញនូវទឹកប្រាក់ដែលធនាគារឬដៃគូហិរញ្ញវត្ថុរបស់យើងបានបញ្ចូលលើសទៅគណនីរបស់លោក-លោកស្រី ពាក់ព័ន្ធទៅនឹងប្រតិបត្ដិការដោយការសារភាន់ច្រឡំឬលុបចោល។
- បង្វែរចេញវិញនូវទឹកប្រាក់ប្រតិបត្ដិការដែលអ្នកទូទាត់របស់លោក-លោកស្រីមិនព្រមទូទាត់ និងលោក-លោកស្រីគ្មានឯកសារគាំទ្រ គ្រប់គ្រាន់ ឬមានការយឺតយ៉ាវក្នុងការផ្តល់ជូនទៅធនាគារឬដៃគូហិរញ្ញវត្ថុរបស់យើង។
- បង្វែរចេញវិញនូវទឹកប្រាក់ពីប្រតិបត្ដិការក្លែងបន្លំដែលអ្នកទូទាត់របស់លោក-លោកស្រី ឬធនាគារដៃគូហិរញ្ញវត្ថុរបស់យើង ចេញប័ណ្ណមិនទទួលស្គាល់ ហើយលោក-លោកស្រីមិនមានឯកសារគាំទ្រ ត្រឹមត្រូវ។
- លោក-លោកស្រីត្រូវទទួលខុសត្រូវទាំងស្រុង រាល់ព័ត៏មានដែលបានចុះឈ្មោះប្រើប្រាស់សេវាដោយខ្លួនឯងផ្ទាល់ និងធានាថាព័ត៏មានទាំងនោះជាព័ត៏មានពិតប្រាកដ មិនក្លែងក្លាយ។
- លោក-លោកស្រីយល់ព្រមឱ្យធនាគារឬដៃគូហិរញ្ញវត្ថុរបស់យើងដែលបានផ្តល់គណនីឬធ្វើប្រតិបត្តិការទូទាត់ អាចពន្យាពេល បញ្ឈប់ ឬបដិសេធមិនតំណើរការប្រតិបត្តិការណាមួយទៅតាមលក្ខខណ្ឌរបស់ធនាគារឬដៃគូហិរញ្ញវត្ថុរបស់យើង។
- លោក-លោកស្រីទទួលស្គាល់ថាទឹកប្រាក់ដែលបានបញ្ចូលទៅក្នុងគណនីរបស់លោក-លោកស្រីអាចជាកម្មវត្ថុនៃការទាមទារត្រលប់វិញពីអ្នកទូទាត់។
អាស្រ័យទៅតាមនិតិវិធីរបស់ស្ថាប័នធនាគារឬដៃគូហិរញ្ញវត្ថុនិមួយៗ ស្ថាប័ននោះអាចធ្វើការបង្ខាំងទុកសាច់ប្រាក់ក្នុងគណនី នូវចំនួនទឹកប្រាក់សមាមាត្រទៅនឹងចំនួនដែលមានជម្លោះសម្រាប់ធ្វើការដោះស្រាយក្នុងករណីមានវិវាទ។ លោក-លោកស្រីត្រូវផ្តល់រាល់ឯកសារទាក់ទងនឹងប្រតិបត្ដិការតាមការស្នើសុំ ក្នុងរយៈពេលដែលកំណត់ជូនដោយស្ថាប័ននោះ។
ការទទួលខុសត្រូវ
- លោក-លោកស្រីត្រូវទទួលខុសត្រូវចំពោះរាល់ប្រតិបត្តិការទាំងអស់ដែលលោក-លោកស្រីបានធ្វើឡើងនៅពេលដែលប្រើប្រាស់សេវាប៊ីល២៤។
- ប៊ីល២៤មិនធានាថារាល់វិក្កយបត្រដែលបង្កើតឡើងនៅកម្មវិធីប៊ីល២៤ថានឹងទទូលបានការទូទាត់ ឬទូទាត់គ្រប់ចំនួន ឬទូទាត់គ្រប់មិនចំនួន ឬទូទាត់ទាន់ឬមិនទាន់ពេលឡើយ។
៣. កម្រៃ និង សេវា
រាល់ការទូទាត់ អាចនឹងជាប់កម្រៃសេវា ហើយជាទូទៅ លោក-លោកស្រីអាចជ្រើសរើសបានដោយត្រូវបង់ដោយអ្នកទូទាត់ឬអ្នកទទួលប្រាក់ឬទាំងពីរ។ កម្រៃសេវាជាក់ស្តែងគឺត្រូវបានកំណត់ដោយធនាគារឬដៃគូហិរញ្ញវត្ថុរបស់យើង។ សេចក្តីលំអិតនៃកម្រៃសេវានេះនឹងត្រូវផ្តល់ជូនលោក-លោកស្រីនៅពេលបង្កើតវិក្កយបត្រឬនៅពេលទូទាត់។
៤. ការរក្សារការសម្ងាត់
ប៊ីល២៤នឹងប្រមូលព័ត៌មានផ្ទាល់ខ្លួន ការអនុញ្ញាតិនិងសេចក្តីលម្អិតនៃប្រតិបត្តិការរបស់អ្នក (ហៅកាត់ជារួមថា “ព័ត៌មាន”) ដើម្បីផ្តល់លទ្ធភាពជូនធនាគារឬដៃគូហិរញ្ញវត្ថុរបស់យើង ក្នុងការផ្តល់សេវាទូទាត់។
តាមរយៈការចុះឈ្មោះ និងប្រើប្រាស់សេវាប៊ីល២៤ អ្នកយល់ព្រមឲ្យប៊ីល២៤អាចប្រើប្រាស់ និងបញ្ចេញព័ត៌មានរបស់អ្នកទៅកាន់ធនាគារឬដៃគូហិរញ្ញវត្ថុរបស់យើងឬអ្នកផ្តល់សេវាណាមួយដែលប៊ីល២៤មានទំនាក់ទំនងសម្រាប់គោលបំណងអនុវត្តប្រតិបត្តិការធនាគារ ឬបំពេញ ឬជួយជ្រោមជ្រែងក្នុងមុខងារ និងសកម្មភាពនានា។
៥. ការជូនតំណឹង និងការកែប្រែកម្រៃ ខចែង ឬ លក្ខខណ្ឌ
ប៊ីល២៤រក្សាសិទ្ធិក្នុងការកែប្រែ កម្រៃសេវា ខចែង និងលក្ខខណ្ឌប្រើប្រាស់ទាំងអស់។ ការកែប្រែនឹងត្រូវជូនតំណឹងក្នុងរយៈពេល៧ថ្ងៃប្រតិទិនមុនពេលការកែប្រែចូលជាធរមាន លើកលែងតែការកែប្រែនោះត្រូវតំរូវអោយចាប់ផ្តើមភ្លាមៗដោយបញ្ញត្តិច្បាប់ ឬធនាគារឬដៃគូហិរញ្ញវត្ថុរបស់យើង។
រាល់ការជូនតំណឹង នឹងត្រូវធ្វើឡើងតាមរយៈ៖
- គេហ:ទំព័រប៊ីល២៤ (www.ubill24.com)
- និងទំព័រសមាជិកប៊ីល២៤
៦. ការព្យួរ ឬការបញ្ចប់
ប៊ីល២៤ អាចអនុវត្តនូវឆន្ទានុសិទិ្ធរបស់ខ្លួនក្នុងការព្យួរ ឬបញ្ចប់លទ្ធភាពចូលប្រើប្រាស់សេវាប៊ីល២៤របស់លោក-លោកស្រី រួមមានជាអាទិ៍ សេចក្តីតម្រូវដោយច្បាប់ ឬដោយសារមូលហេតុផ្សេងទៀតណាមួយដែល ប៊ីល២៤ចាត់ទុកថាសមស្រប។
ក្នុងករណីដែល ប៊ីល២៤អនុវត្តសិទិ្ធរបស់ខ្លួនដូចមានចែងនៅក្នុងប្រការនេះ ប៊ីល២៤ នឹងជូនដំណឹងភ្លាមៗដល់លោក-លោកស្រី ហើយប៊ីល២៤ នឹងមិន ទទួលខុសត្រូវ ចំពោះការបាត់បង់ណាមួយ ដែលអ្នកអាចទទួលរងជាផលវិបាកនោះឡើយ។
៧. សំណង
- លោក-លោកស្រីយល់ព្រមដោយស្ម័គ្រចិត្តក្នុងការផ្តល់សំណងទៅលើការខូចខាតណាមួយ ដល់ស្ថាប័នធនាគារ ឬដៃគូហិរញ្ញវត្ថុ ឬប៊ីល២៤ ដែលបានកើតឡើងដោយផ្ទាល់ឬដោយប្រយោល ពាក់ព័ន្ធនឹង៖
- មិនគោរពកាតព្វកិច្ចរបស់អ្នកក្នុងខចែង និងលក្ខខណ្ឌប្រើប្រាស់។ ឬ
- បានធ្វើសកម្មភាពដោយធ្វេសប្រហែសឬឃុបឃិតលួចបន្លំ ឬលុកលុយចូលប្រព័ន្ធប៊ីល២៤
- លោក-លោកស្រីយល់ព្រមថាប៊ីល២៤នឹងមិនទទួលខុសត្រូវចំពោះការខាតបង់ណាមួយដែលកើតឡើងចំពោះលោក-លោកស្រីនៅពេលដែលសេវាប៊ីល២៤មិនដំណើរការ ឬរអាក់រអួលដោយមិនគិតពីមូលហេតុដែលហេតុការណ៍ត្រូវបានបង្កឡើងនោះឡើយ។
៨. ការផ្ទេរសិទ្ធិ
ប៊ីល២៤ រក្សាសិទ្ធិក្នុងការផ្ទេរ ឬប្រគល់រាល់សិទិ្ធ និងកាតព្វកិច្ចរបស់ខ្លួនទាំងអស់ ឬដោយផ្នែក ក្រោមកិច្ចព្រមព្រៀងនេះ ទៅតតិយភាគីណាមួយ។ លោក-លោកស្រីយល់ព្រមអនុវត្តសកម្មភាពណាមួយ ឬចុះហត្ថលេខាលើឯកសារណាមួយតាមដែល ប៊ីល២៤អាចណែនាំដើម្បីអនុវត្តការប្រគល់ ឬការផ្ទេរដូចមានចែងនៅក្នុងខចែងនេះ។
៩. លក្ខខណ្ឌផ្សេងៗ
លក្ខខណ្ឌនៃការប្រើប្រាស់នេះ សរសេរជាភាសាខ្មែរ និងភាសាអង់គ្លេស ប្រសិនបើចំណុចណាមួយមានអត្តន័យខុសគ្នា រវាងភាសាខ្មែរ និងភាសាអង់គ្លេសនោះលក្ខខណ្ឌជាភាសាខ្មែរ ត្រូវយកជាបានការ។
លក្ខខណ្ឌនៃការប្រើប្រាស់នេះ ត្រូវអនុលោមទៅតាមច្បាប់នៃព្រះវាជាណាចក្រកម្ពុជា។